Nov 11, 2021 | 5 mins read
មូលហេតុដែលកីឡាលេងជាក្រុមមានផលល្អចំពោះកុមារ
ក្មេងៗភាគច្រើនចូលចិត្តលេងកីឡាជាក្រុម។ វាមានអត្ថប្រយោជន៍ជាច្រើន (ទាំងរាងកាយនិងផ្លូវចិត្ត) ដែលអត្តពលិកវ័យក្មេងអាចរីករាយនៅពេលលេងកីឡាជាក្រុម។
បង្កើនទំនុកចិត្ត
ក្មេងៗតែងតែមានអារម្មណ៍ជឿជាក់នៅពេលដែលពួកគេមានអារម្មណ៍ថាពួកគេជាផ្នែកមួយនៃក្រុម។ កីឡាជាក្រុមផ្តល់ឱ្យកុមារនូវឱកាសដើម្បីរៀននិងសាកល្បងជំនាញថ្មីៗ ហើយធ្វើការជាមួយក្រុមរបស់ពួកគេដើម្បីដាក់ជំនាញទាំងនោះឱ្យដំណើរការកំឡុងពេលលេងកីឡា។ ការគាំទ្រដែលទទួលបានពីមិត្តរួមក្រុមអាចជួយអោយកុមារឆ្ពោះទៅរកការបង្កើននូវទំនុកចិត្តលើខ្លួនឯងរបស់កុមារដែលអាចលើកទឹកចិត្តពួកគេឱ្យបន្តព្យាយាមនិងជំរុញខ្លួនឯងបន្ថែមទៀត។
ការចែករំលែកគឺជាការយកចិត្តទុកដាក់ (ការធ្វើការជាក្រុម)
ការរៀនពីរបៀបធ្វើការជាមួយក្រុមគឺជាមេរៀនដែលមិនអាចកាត់ថ្លៃបានដែលនឹងជួយដល់កុមារយ៉ាងច្រើនពេញមួយជីវិតរបស់ពួកគេ។ នៅពេលពួកគេមានអារម្មណ៍ថាទទួលបានការលើកទឹកចិត្តពីអ្នកដែលនៅជុំវិញខ្លួនពួកគេក្មេងៗតែងតែផ្តល់ការគាំទ្រដូចគ្នាដល់មិត្តរួមក្រុមរបស់ពួកគេដែរ។ គំនិតនៃការចែករំលែកនិងការជម្រុញទឹកចិត្តគ្នាទៅវិញទៅមកនឹងជួយដល់កុមារនៅពេលដែលពួកគេចាប់ផ្ដើមបង្កើតទំនាក់ទំនងនិងស្វែងយល់ពីផ្នែកដទៃជាច្រើនទៀតនៃជីវិតរបស់ពួកគេចាប់ពីកុមារភាពដល់ជីវិតរបស់ពូកគេនាអនាគត។
រៀនពីការឈ្នះនិង...ចាញ់
កីឡាជាក្រុមផ្តល់នូវវិធីដ៏ល្អមួយសម្រាប់ក្មេងៗអោយទទូលបាននូវមេរៀនពីរបៀបឈ្នះនិងរបៀបចាញ់។ វាអាចពិបាកក្នុងការទទួលយកភាពបរាជ័យប៉ុន្តែធាតុសំខាន់នៃការបណ្តុះបណ្តាលកីឡាជាក្រុមគឺត្រូវរៀនពីរបៀបរក្សាអាកប្បកិរិយាល្អទោះបីជាអ្វីៗមិនដំណើរការដូចខ្លួនគិតក៏ដោយ។ កីឡាជាក្រុមបង្រៀនកុមារពីសារៈសំខាន់នៃការចាប់ដៃជាមួយក្រុមម្ខាងទៀត(ក្រុមប្រឆាំង)បន្ទាប់ពីការប្រកួតរួចនិងទទួលយកការពិតដែលថាតែងតែមានក្រុមឈ្នះនិងក្រុមចាញ់។ ការធ្វើជាអ្នកឈ្នះប្រកបដោយអាកប្បកិរិយាល្អគឺមានសារៈសំខាន់ណាស់ហើយគ្រូបង្វឹកភាគច្រើននឹងលើកទឹកចិត្តក្រុមរបស់ពួកគេឱ្យគាំទ្រកីឡាករទាំងអស់ដោយមិនគិតពីលទ្ធផលនៃការប្រកួតឡើយ។
ការទទួលបានជំនាញថ្មីៗ
នៅពេលក្មេងៗលេងជាមួយក្រុមពួកគេច្រើនតែទទួលបានការលើកទឹកចិត្តក្នុងការសាកល្បងជំនាញថ្មីៗនៅក្នុងកីឡារបស់ពួកគេ។ ការមើលអ្នកដទៃអនុវត្តនិងលេងកីឡាអាចជាការបំផុសគំនិតសម្រាប់អត្តពលិកវ័យក្មេងដែលចង់បង្កើនសមត្ថភាពរបស់ខ្លួនឯង។ គ្រូបង្វឹកតែងលើកទឹកចិត្តឱ្យក្មេងៗប្រឹងជំរុញនូវដែនកំណត់នៃសមត្ថភាពរបស់ខ្លួននិងរៀននូវរាល់ជំនាញថ្មីនៃកីឡារបស់ពួកគេដើម្បិអោយពួកគេអាចជួយក្រុមរបស់ពួកគេបាន។
វិន័យនិងការទទួលខុសត្រូវ
ការក្លាយជាផ្នែកមួយនៃក្រុមមានន័យថាអ្នកត្រូវមានការទទួលខុសត្រូវដោយស្វ័យប្រវត្តិចំពោះអ្នកដទៃ។ ការធ្វើបែបនេះអាចជួយជំរុញដល់ក្មេងៗដែលមិនសូវយកចិត្តទុកដាក់លើកីឡាឬការហ្វឹកហាត់របស់ពួកគេ។ គ្រូបង្វឹកលើកទឹកចិត្តក្មេងៗឱ្យបង្ហាញការគោរពចំពោះការប្រកួតនិងចំពោះមិត្តរួមក្រុមរបស់ពួកគេដោយការមានវិន័យនិងការទទួលខុសត្រូវ។ ក្មេងៗអាចរៀនបង្ហាញខ្លួនអោយទាន់ពេលដោយមានឧបករណ៍សមស្របតាមវិន័យនិងខិតខំប្រឹងប្រែងដើម្បីជះឥទ្ធិពលវិជ្ជមានដល់អ្នកដែលនៅជុំវិញខ្លួនរបស់ពួកគេ។ មេរៀននៃវិន័យនិងការទទួលខុសត្រូវទាំងនេះនឹងជួយដល់កុមារយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងគ្រប់ផ្នែកនៃជីវិតរបស់ពួកគេ។
មានពេលវេលានៅឆ្ងាយពីអេក្រង់
សព្វថ្ងៃនេះក្មេងៗកំពុងនាំគ្នាលេងហ្គេមនិងធ្វើសកម្មភាពផ្សេងៗទៀតបូករួមទាំងការរៀនអនឡាញពេញមួយថ្ងៃផងដែរ។ ការចំណាយពេលច្រើនពេកសម្លឹងមើលអេក្រង់គឺមិនល្អឡើយជាពិសេសចំពោះក្មេងៗដែលពោរពេញទៅដោយថាមពល។ ការចូលរួមក្នុងកីឡាជាក្រុមគឺជាវិធីដ៏ល្អមួយសម្រាប់កុមារក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនិងចំណាយពេលវេលាបានត្រឹមត្រូវដើម្បីសំរាកពីអេក្រង់របស់ពួកគេ។ ការបង្កើតទំនាក់ទំនងជាមួយក្មេងដទៃទៀតអាយុប្រហែលៗគ្នានឹងជះឥទ្ធិពលល្អៗបានយូរដល់អារម្មណ៍របស់ពួកគេ។
ការបញ្ចេញសកម្មភាពនិងការកំសាន្ត
ក្មេងៗភាគច្រើនចូលចិត្តនូវការបញ្ចេញនូវសកម្មភាពរាងកាយ។ ការលេងកីឡាជាក្រុមគឺជាវិធីដ៏ល្អមួយសម្រាប់ពួកគេក្នុងការធ្វើចលនាដោយការបញ្ចូលនូវកាលវិភាគហ្វឹកហាត់និងការប្រកួតជាប្រចាំសំរាប់ពួកគេ។ ក្មេងៗក៏ប្រហែលជាងាកមកស្រលាញ់កីឡារបស់ពួកគេហើយជ្រើសរើសចំណាយពេលទំនេររបស់ពួកគេហ្វឹកហាត់លើជំនាញដែលពួកគេត្រូវការសម្រាប់ការប្រកួតផ្សេងៗ។ ជាចុងក្រោយការលេងកំសាន្តគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ក្មេងៗហើយការលេងកីឡាជាក្រុមគឺជាវិធីមួយផ្សេងទៀតសម្រាប់ពួកគេក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្នាហើយរៀនសូត្រអ្វីដែលថ្មីនិងទទួលបានភាពរីករាយផងដែរ។