Nov 6, 2021 | 3 mins read
អត្ថប្រយោជន៍សុខភាព ៤ យ៉ាងនៃកីឡាជិះកង់
ជាទូទៅយើងតែងតែជិះកង់ជាមធ្យោបាយធ្វើដំណើរ ជាសកម្មភាពហាត់ប្រាណធម្មតាឬជាលក្ខណះប្រកួតប្រជែងនានាជាដើម។ ការជិះកង់គឺជាលំហាត់ប្រាណដ៏ល្អមួយដែលជួយអោយរាងកាយយើងបញ្ចេញសកម្មភាពបានយ៉ាងសកម្ម។កីឡានេះក៏អាចជួយផ្ដល់អោយអ្នកនូវរបៀបរស់នៅដែលមានសុខភាពល្អទាំងរាងកាយនិងផ្លូវចិត្តទៀតផង។
ការជិះកង់អាចជួយបង្កើននូវសុខមាលភាពផ្លូវកាយនិងផ្លូវចិត្តហើយអាចកាត់បន្ថយឱកាសនៃការជួបប្រទះនូវបញ្ហាសុខភាពមួយចំនួនផងដែរ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពពិសេស ៤ យ៉ាងនៃកីឡាជិះកង់
1. បង្កើនសុខមាលភាពផ្លូវចិត្ត
ការជិះកង់អាចជួយសំរួលដល់ចរន្តឈាមនៅខ្លួនរបស់អ្នកដោយជួយអោយចរន្តឈាមរត់ក្នុងអត្រាកាន់តែញាប់ដែលអាចជួយជំរុញនូវការផលិតអរម៉ូនសំខាន់ៗនិងសារធាតុល្អ ៗ ផ្សេងៗដូចជា ដូប៉ាមីនន័រ (dopamine) ភីនហ្វីន(norepinephrine) និងសេរ៉ូតូនីន (serotonin)ជាដើម។
ការធ្វើលំហាត់ប្រាណត្រូវបានគេដឹងថាអាចជួយការពារការធ្លាក់ទឹកចិត្ត ការថប់បារម្ភ បន្ថយភាពតានតឹង និងបង្កើនភាពជឿជាក់បាន ហើយការជិះកង់ក៏ជាសកម្មភាពមួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់អត្ថប្រយោជន៍បេះដូងនិងខួរក្បាលនេះផងដែរ។
2. ជួយសម្រកទម្ងន់
ការជិះកង់ត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អមួយសម្រាប់ការធ្វើលំហាត់ប្រាណតាមបែបអ៊ឺរ៉ូប៊ីក (aerobic exercise)។ លំហាត់ប្រាណនេះអាចជួយឱ្យអ្នកបង្កើននូវអត្រាចង្វាក់បេះដូងរបស់អ្នកបានដោយមិនចាំបាច់ប្រើប្រាស់នូវជង្គង់ កជើងនិងសន្លាក់ផ្សេងៗទៀតខ្លាំងនោះទេបើយើងប្រៀបធៀបទៅនឹងល៉ហាត់ប្រាណដទៃដូចជាការរត់ឬរត់ត្រឹកៗ។
ប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់ឬចង់រក្សាទំងន់ដែលអ្នកបានខិតខំសម្រកបានសម្រេចនោះការជិះកង់អាចជាវិធីដ៏ល្អមួយសំរាប់អ្នក។
3. ជួយការពារជំងឺមហារីក
មានភស្តុតាងជាច្រើនដែលបង្ហាញថាលំហាត់ប្រាណភាគច្រើនមានប្រយោជន៍ក្នុងការការពារជំងឺមហារីកប៉ុន្តែការស្រាវជ្រាវខ្លះបានបង្ហាញថាការជិះកង់មានលក្ខណះល្អម្យ៉ាងសម្រាប់រក្សាកោសិការបស់អ្នកឱ្យមានដំណើរការល្អដែលអាចជួយប្រឆាំងនិងជំងឺមហារីកបាន។
យ៉ោងតាមការសិក្សារយៈពេលវែងមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Glasgow គេបានស្រាវជ្រាវទៅលើមនុស្សចំនួន ២៦០.០០០ នាក់ក្នុងរយៈពេល ៥ ឆ្នាំហើយបានរកឃើញថាការជិះកង់ទៅធ្វើការអាចកាត់បន្ថយហានិភ័យរបស់អ្នកជិះក្នុងការវិវត្តទៅរកជំងឺបេះដូងឬមហារីកបានពាក់កណ្តាល។ ការស្រាវជ្រាវផ្សេងទៀតបានរកឃើញថាស្ត្រីដែលជិះកង់ញឹកញាប់កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានដល់ទៅ៣៤ ភាគរយ។
4. មិននាំអោយប៉ះពាល់ដល់បរិស្ថាន (Eco-friendly)
តើទាំងអស់គ្នាដឹងទេថាកង់ចំនួន ២០ អាចចតនៅក្នុងចំណតរថយន្តតែមួយគ្រឿងបាន។ គេត្រូវការវត្ថុធាតុដើមនិងថាមពលតែប្រមាណ ៥% ប៉ុណ្ណោះនៃវត្ថុធាតុដើមនិងថាមពលដែលគេប្រើដើម្បីបង្កើតឡានមួយគ្រឿង ម៉្យាងទៀតការជិះកង់ពុំមានបញ្ចេញនូវការបំពុលបរិស្ថានផ្សេងៗនោះទេ។ លើសពីនេះទៅទៀតការជិះកង់អាចអោយអ្នកធ្វើដំណើរប្រហែលបីដងលឿនជាងការដើរសម្រាប់បរិមាណថាមពលដូចគ្នា។ ស្របពេលដែលជួយយើងថែររក្សារាងកាយឱ្យបានល្អហើយវាក៏ជួយការពាររក្សាបរិស្ថានផងដែរ ដែលអាចផ្ដល់នូវអត្ថប្រយោជន៏ល្អទៅដល់សុខមាលភាពយើងដូចគ្នា។